អបអរសាទរភាពជាអ្នកដឹកនាំរបស់ស្ត្រីមានពិការភាព!

អបអរសាទរភាពជាអ្នកដឹកនាំរបស់ស្ត្រីមានពិការភាព!

ដើម្បីអបអរសាទរទិវាជនមានពិការភាពជាតិ និងអន្តរជាតិ ស្ថានទូតអូស្រ្តាលីមានមោទនភាពក្នុងការចែករំលែកដំណើររឿងជីវិតរបស់លោកស្រី ងួន សុភ័ក្រ កានីកា ដូចតទៅ៖ ទោះបីជាជួបបញ្ហាប្រឈមជាច្រើនក្នុងនាមជាស្រ្តីមានពិការភាព ក៏ដោយ ក៏លោកស្រី កានីកា បានបញ្ជប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសង្គមកិច្ច ហើយបច្ចុប្បន្នកំពុងបម្រើការងារជាគ្រូបង្រៀនកម្រិតឧត្តមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លទ្ធភាពទទួលបានការអប់រំមិនមែនជារឿងងាយស្រួលនោះទេសម្រាប់លោកស្រី។ “មិត្តរួមថ្នាក់របស់ខ្ញុំមើលមកខ្ញុំដូចជាមនុស្សចំលែកដោយសារខ្ញុំមានពិការភាព”។ ទោះយ៉ាងណា ពិការភាពពុំបានរារាំងការសម្រេចក្តីសុបិន្តរបស់លោកស្រីដើម្បីក្លាយជាគ្រូបង្រៀននោះទេ។​ ផ្ទុយទៅវិញ វាបានជួយឱ្យលោកស្រីដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាពនៅកម្ពុជា ក៏ដូចជាក្នុងឆាកអន្តរជាតិ។  លោកស្រីបានមានប្រសាសន៍ថា៖ “ទោះបីជាអ្នកប្រឈមមុខនឹងឧបសគ្គជាច្រើនក៏ដោយ សូមកុំបោះបង់ អ្នកត្រូវបន្តដំណើរទៅមុខដោយក្តីសង្ឃឹម និងការប្តេជ្ញាចិត្ត ថ្ងៃណាមួយក្តីសុបិន្តរបស់អ្នកនឹងក្លាយជាការពិត” ។

លោកស្រី កានីកា កាន់តែមានទំនុកចិត្តលើខ្លួនឯង នៅពេលដែលលោកស្រីទទួលបានឱកាសចុះធ្វើកម្មសិក្សានៅស្ថាតទូតអូស្រ្តាលី នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ហើយរឹតតែមានទំនុកចិត្តខ្លាំងជាងមុន នៅពេលដែលលោកស្រីបានទៅចូលរួមសិក្សារយៈពេលខ្លីដែលផ្តល់ដោយកម្មវិធីអាហារូបករណ៍អូស្រ្តាលី។

សព្វថ្ងៃនេះ លោកស្រី កានីកា កំពុងចូលរួមចែករំលែកចំណេះដឹង និងជំនាញរបស់លោកស្រីដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS)។ កម្មវិធី ACCESS គឺជាកម្មវិធីដែលស្ថិតក្រោមការផ្តួចផ្តើម និងគាំទ្រដោយ រដ្ឋាភិបាលអូស្ត្រាលី ក្នុងគោលដៅពង្រឹងនិរន្តរភាព គុណភាព និងបរិយាបន្នសេវាសម្រាប់ជនមានពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។