អភិបាលកិច្ចកម្មវិធី

ភាពជោគជ័យនៃកម្មវិធីគឺពឹងផ្អែកយ៉ាងសំខាន់លើការរៀបចំនូវរចនាសម្ព័ន្ធអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព ស្របតាមការងារជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសទាក់ទងនឹងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព និងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី ក៏ដូចជាការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធសំខាន់ៗ។ រចនាសម្ព័ន្ធអភិបាលកិច្ចនៃកម្មវិធី ACCESS រួមមាន គណៈកម្មការប្រឹក្សាភិបាល១ ក្រុមការងារបច្ចេកទេស ២ (ផ្នែកពិការភាព និងផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ) និងយន្តការវិនិយោគដែលមានភាពប្រកួតប្រជែង១។

ACCESS Governance image

គណៈកម្មការប្រឹក្សាភិបាល


គណៈកម្មការប្រឹក្សាភិបាលកម្មវិធី ACCESS ទទួលខុសត្រូវនៅកម្រិតយុទ្ធសាស្រ្តដល់កម្មវិធី និងពិនិត្យឡើងវិញលើវឌ្ឍនភាពនានា។ គណៈកម្មការប្រឹក្សាភិបាលផ្តល់ទិសដៅជាយុទ្ធសាស្រ្ត និងធានាថាកម្មវិធីនេះអនុវត្តស្របទៅតាមគោលការណ៍នៃកម្មវិធី ACCESS ។ តួនាទីរបស់គណៈកម្មការប្រឹក្សាភិបាលគឺដើម្បីធានាថា៖

  • កម្មវិធី ACCESS អនុវត្តការងារស្របទៅតាមការងារអាទិភាព និងគោលនយោបាយដែលមានស្រាប់របស់រាជរដ្ឋាភិបាលកម្ពុជាដោយផ្តោតលើផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព និងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី អនុលោមតាមការប្តេជ្ញាចិត្តអន្តរជាតិក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព និងអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងចំពោះស្ត្រី។
  • កម្មវិធី ACCESS ប្រើប្រាស់ធនធានរបស់ខ្លួនឱ្យមានប្រសិទ្ធភាពបំផុតដើម្បីបំពេញបន្ថែមលើការវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជាលើការងារអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងពិការភាព
  • ភាពជាដៃគូដ៏រឹងមាំរវាងដៃគូអនុវត្តន៍កម្មវិធី
  • ភាពជាម្ចាស់ក្នុងស្រុក
  • ភាពស៊ីសង្វាក់គ្នារវាងសមាសភាពសំខាន់ៗនៃកម្មវិធី
  • ការសហការគ្នាយ៉ាងជិតស្និទ្ធរវាងភាគីពាក់ព័ន្ធ និងការបែងចែក និងប្រើប្រាស់ធនធាន ប្រកបដោយប្រសិទ្ធភាព។
First Steering Committee meeting

សមាជិកនៃគណៈកម្មការប្រឹក្សាភិបាលរួមមាន៖
១- រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី ឬឋានៈស្មើ តំណាងដោយ លោកជំទាវ ហ៊ូ សាមិត្ត
២- រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឬឋានៈស្មើ តំណាងដោយ ឯកឧត្តម សែម សុខា
៣- អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ឬឋានៈស្មើ តំណាងដោយ ឯកឧត្តម ឯម ច័ន្ទមករា
៤- អគ្គនាយក / អគ្គនាយករងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬឋានៈស្មើ តំណាងដោយ ឯកឧត្តមបណ្ឌិត ស្រី វុធ
៥- ស្ថានទូតអូស្រ្តាលីតំណាងដោយអនុប្រធានបេសកកម្ម
៦- ប្រធានកម្មវិធី ACCESS

យន្តការវិនិយោគដែលមានភាពប្រកួតប្រជែង


CIMP meeting

យន្តការវិនិយោគដែលមានភាពប្រកួតប្រជែង (ហៅកាត់ថាយន្តការ CIMP) នៃកម្មវិធី ACCESS នឹងពិចារណាលើសំណើសកម្មភាពរបស់កម្មវិធី ACCESS ដែលសុំជំនួយហិរញ្ញវត្ថុតាមរយៈយន្តការវិនិយោគដែលមានភាពប្រកួតប្រជែង។
តួនាទីចម្បងៗរបស់យន្តការនេះគឺដើម្បីធានាថា៖

  • យន្តការដែលបានស្នើឡើងសម្រាប់ការជ្រើសរើសការផ្តល់ជំនួយហិរញ្ញវត្ថុនឹងធានាលើប្រសិទ្ធផលកម្មវិធីជាអតិបរិមា និងការប្រើប្រាស់ធនធានកម្មវិធីប្រកបដោយប្រសិទ្ធភាព។
  • ការជ្រើសរើសអ្នកទទួលជំនួយហិរញ្ញវត្ថុពីកម្មវិធី (program grantees) ត្រូវបានធ្វើឡើងដោយតម្លាភាពដោយផ្អែកលើការងារអាទិភាពដែលរៀចំឡើងដោយគណកម្មការប្រឹក្សាភិបាល និងក្រុមការងារបច្ចេកទេសផ្នែកពិការភាព និងផ្នែកGBV និងផ្អែកលើលក្ខខ័ណ្ឌវិនិច្ឆ័យដែលបានឯកភាពគ្នា។
  • គម្រោងស្នើសុំជំនួយហិរញ្ញវត្ថុ (Proposal) ដែលត្រូវបានជ្រើសរើសបានបង្ហាញនូវកម្រិតស្តង់ដារគុណភាពខ្ពស់បំផុត និងស្របតាមអាទិភាពរបស់    រាជរដ្ឋាភិបាលសម្រាប់វិស័យទាំងពីរ។

សមាសភាព CIMP រួមមានតំណាងមកពី DFAT, MOWA, MOSVY, DAC, MEF, ក្រុមការងារកម្មវិធី ACCESS និងសមាជិកឯករាជ្យម្នាក់។

ក្រុមការងារផ្នែកពិការភាព និងផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ


ក្រុមការងារផ្នែកពិការភាព និងក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រត្រួតពិនិត្យ និងផ្តល់ប្រឹក្សាបច្ចេកទេសដល់ក្រុមការងារទាំងពីរខាងលើស្របតាមផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព និងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី។
តួនាទីចម្បងៗរបស់ក្រុមការងារនេះគឺដើម្បីធានាថា៖

  • កិច្ចអន្តរាគមន៍របស់កម្មវិធី ACCESS ក្នុងវិស័យពិការភាព និងផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័ររួមទាំងយន្តការវិនិយោគដែលមានភាពប្រកួតប្រជែងចាំបាច់ត្រូវមានសង្គតិភាពទៅនឹងការងារជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសទាក់ទងនឹងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព និងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី។
  • សកម្មភាពការងារនៃកម្មវិធី ACCESS ត្រូវបានសម្របសម្រួល និងបង្ហាញពីការបំពេញបន្ថែមដ៏រឹងមាំ។
  • ការអនុវត្តការងារគឺស្របទៅតាមផែនការសកម្មភាពដែលបានព្រមព្រៀងគ្នា និងរួមចំណែកដល់ការសម្រេចបានលទ្ធផលពាក់កណ្តាលកម្មវិធី និងលទ្ធផលបញ្ចប់នៃកម្មវិធី។
  • ការពិគ្រោះយាបល់លើសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រជាមួយភាគីពាក់ព័ន្ធផ្នែកពិការភាព និងផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រនឹងធ្វើឡើងជាទៀងទាត់ ។

សមាជិកក្រុមការងារផ្នែកពិការភាព និងផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រត្រូវមានចំនួនកំណត់ដើម្បីធានាថាដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្តមានប្រសិទ្ធិភាព។ នៅក្នុងដំណាក់ចាប់ផ្តើមកម្មវិធីសមាសភាពស្នូលនៃក្រុមការងាររួមមាន តំណាងមកពីក្រសួងស្ថាប័នផ្សេងៗនៃរាជរដ្ឋាភិបាលកម្ពុជាដែលបានចូលរួមក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព និងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី។ បន្ទាប់មក ក្រុមការងារនេះនឹងរួមបញ្ចូលដៃគូដែលទទួលបានជំនួយហិរញ្ញវត្ថុពីកម្មវិធី។