អូស្រ្តាលីគាំទ្រដល់ការអភិវឌ្ឍ និងអនុវត្តគោលការណ៍ណែនាំថ្មីសម្រាប់សេវាស្តារនីតិសម្បទាប្រកបដោយនិរន្តរភាព និងគុណភាព

អូស្រ្តាលីគាំទ្រដល់ការអភិវឌ្ឍ និងអនុវត្តគោលការណ៍ណែនាំថ្មីសម្រាប់សេវាស្តារនីតិសម្បទាប្រកបដោយនិរន្តរភាព និងគុណភាព

រដ្ឋាភិបាលអូស្រ្តាលី​ តាមរយៈកម្មវិធី ACCESS នៅក្នុងកិច្ចសហការជាមួយ Motivation Australia (MA) បានគាំទ្រដល់មូលនិធិជនពិការ នៅក្នុងការអភិវឌ្ឍគោលការណ៍ណែនាំសម្រាប់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា។ គោលការណ៍ណែនាំថ្មីនេះ មានគោលបំណងណែនាំដល់អ្នកគ្រប់គ្រង និងបុគ្គលិកមូលនិធិជនពិការ និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា អំពីសេវានៅមជ្ឈមណ្ឌលស្តារ នៅក្នុងការរៀបចំផែនការ និងការផ្តល់សេវានៅទីនោះ។ គោលការណ៍ណែនាំថ្មីនេះ ក៏បានផ្តល់នូវព័ត៌មានយ៉ាងសាមញ្ញអំពីសេវាដែលមាននៅមជ្ឈមណ្ឌលស្តារ ក៏ដូចជាព័ត៌មានថាអ្នកណាអាចមកទទួលសេវាបាន។

កាលពីថ្ងៃទី២០ដល់២១ ខែមេសា ឆ្នាំ២០២២ កម្មវិធីACCESS និង Motivation Australia បានរួមគ្នាបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីគោលការណ៍ណែនាំថ្មីសម្រាប់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ដើម្បីកសាងចំណេះដឹង និងជំនាញដល់ជនបង្គោល ដែលគាំទ្រដល់ការអនុវត្តគោលការណ៍ណែនាំ។ សិក្ខាកាមនៅក្នុងសិក្ខាសាលានេះរួមមាន តំណាងមកពីមូលនិធិជនពិការ ប្រធានមជ្ឈមណ្ឌលស្តារទាំង១១ អង្គការជនពិការកម្ពុជា អង្គការក្រៅរដ្ឋាភិបាល និងសមាគមវិជ្ជាជីវៈស្តារនីតិសម្បទា។

លោក Connor Floyd លេខាទី២នៅស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ «ការអភិវឌ្ឍគោលការណ៍ណែនាំថ្មីសម្រាប់មជ្ឈមណ្ឌលស្តារនីតិសម្បទា គឺជាការរួមចំណែកនាពេលថ្មីៗនេះរបស់យើង ក្នុងការពង្រឹងប្រព័ន្ធសា្តរនីតិសម្បទាតាមរយៈកម្មវីធី ACCESS »។ លោកបានបន្តថា សេវាស្តារនីតិសម្បទា គឺមានសារៈសំខាន់ណាស់ សម្រាប់អ្នកមានពិការភាពនៅគ្រប់ដំណាក់កាល ទទួលបាននូវសិទ្ធិ ដើម្បីចូលរួមនៅគ្រប់ទិដ្ឋភាពនៃជីវិតរបស់ពួកគេ។

លោក ស៊ឹម សុធន នាយកមូលនិធិជនពិការ បានមានប្រសាសន៍ថា៖ «វគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ នឹងធ្វើឱ្យអ្នកចូលរួមទទួលបាននូវចំណេះដឹងកាន់តែស៊ីជម្រៅ និងយល់ដឹងដល់ការគ្រប់គ្រង និងការផ្តល់សេវាស្តារ»។ លោកបានបន្ថែមថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា អ្នកនឹងចែករំលែកចំណេះដឹងទៅដៃគូពាក់ព័ន្ធ ដើម្បីឱ្យពួកគេមានការយល់ដឹងកាន់តែប្រសើរឡើងនូវសេវាស្តារ ក៏ដូចជាបណ្តុះបណ្តាលបុគ្គលិករបស់ពួកគេ ដើម្បីឱ្យអាចអនុវត្តគោលការណ៍ណែនាំនេះប្រកបដោយប្រសិទ្ធិភាព»។

សិក្ខាកាមម្នាក់ លោកស្រី ជួនសារ័ត្ន អនុប្រធានដេប៉ាតឺម៉ង់ វិស្វកម្មឧបករណ៍សិប្បនិម្មិត និងរណបនៃវិទ្យាស្ថានជាតិសង្គមកិច្ច និងជាគ្រូបង្រៀននៅ EXCEED បាននិយាយថា៖ «នៅពេលយើងមានគោលការណ៍ណែនាំច្បាស់លាស់ ជនមានពិការភាព នឹងទទួលបានសេវាប្រកបដោយប្រសិទ្ធិភាព ហើយពួកគេនឹងអាចទៅធ្វើការនៅពេលពួកគេត្រឡប់ទៅផ្ទះវិញ។ ខ្ញុំនឹងចែករំលែកចំណេះដឹងនេះជាមួយកូនសិស្សរបស់ខ្ញុំ ដែលពួកគេនឹងបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់នូវសេវាប្រកបដោយគុណភាពនៅពេលពួកគេបញ្ចប់ការសិក្សា»។

រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS គាំទ្រដល់មជ្ឈមណ្ឌលស្តារនីតិសម្បទាចំនួន៦ក្នុងចំណោម១១ ​នៅកម្ពុជា តាមរយៈមូលនិធិជនពិការ ដែលមជ្ឈមណ្ឌលទាំង៦នោះរួមមាននៅខេត្ត សៀមរាប គៀនឃ្លាំង (ភ្នំពេញ) ព្រៃវែង ក្រចេះ និងតាកែវ ខណៈដែលអង្គការ HI គ្រប់គ្រងមជ្ឈមណ្ឌលស្តារនៅខេត្តកំពង់ចាម។ កម្មវិធី ACCESS គាំទ្រដល់ការគ្រប់គ្រងសមត្ថភាពរបស់មជ្ឈមណ្ឌលចំនួន៦ និងការដាក់ឱ្យប្រើប្រាស់សេវាស្តារនីតិសម្បទាពីចម្ងាយកំឡុងពេលជំងឺរាតត្បាតជំងឺកូវីដ-១៩៕