អូស្រ្តាលីគាំទ្រដល់បរិយាបន្នពិការភាពនៅកម្ពុជា

អូស្រ្តាលីគាំទ្រដល់បរិយាបន្នពិការភាពនៅកម្ពុជា

កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដោយមានការគាំទ្ររដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តភាព និងសមធម៌ (ACCESS) អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ និង UNDP បានសហការរៀបចំ សិក្ខាសាលាឆ្លុះបញ្ជាំងស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោង ២០១៩ – ២០២១ នៃក្រុមប្រឹក្សាសកម្មភាពខេត្តចំនួន៥។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីពិភាក្សាពីសមិទ្ធិផល មេរៀនដែលបានរៀន និងបញ្ហាប្រឈមដែលបានជួបប្រទះកាលពីពីរឆ្នាំមុន ដើម្បីលើកកម្ពស់កិច្ចសហការ និងកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិស្តីពីបរិយាបន្នពិការភាព និងពិភាក្សាពីសកម្មភាពបន្ទាប់សម្រាប់ឆ្នាំ២០២២ និង២០២៣។

UNDP គឺដៃគូមួយក្នុងចំណោមដៃគូអនុវត្តគម្រោងរបស់កម្មវិធីACCESS ដែលធ្វើការអនុវត្តលើគម្រោងលើកកម្ពស់បរិយាបន្នពិការភាពចាប់ពីខែមករា ឆ្នាំ២០២០ ដល់ខែវិច្ឆិកា ឆ្នាំ២០២១។ គម្រោងលើកកម្ពស់បរិយាបន្នពិការភាព មានគោលបំណងសហការជាមួយអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ដើម្បីពង្រឹងយន្តការសម្របសម្រួល និងតួនាទីរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តទាំង៥ (កំពង់ស្ពឺ កំពង់ចាម ត្បូងឃ្មុំ សៀមរាប និងបាត់ដំបង)។

អ្នកចូលរួមនៅក្នុងសិក្ខាសាលានេះ មានប្រមាណ១១៤នាក់ រួមទាំងអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តទាំង៥ អនុប្រធាន និងលេខាធិការដ្ឋានមកពីក្រុមប្រឹក្សាសកម្មភាពខេត្តចំនួន៥ ដៃគូអភិវឌ្ឍ អង្គការជនពិការកម្ពុជា និង UNDP។ លោកស្រី Elizabeth Adler លេខាទី២នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជាក៏មានវត្តមាននៅក្នុងសិក្ខាសាលានេះដែរ និងបានផ្តល់មតិស្វាគមន៍នៅក្នុងសិក្ខាសាលានេះ។

លោកស្រី Elizabeth Adler បានទទួលស្គាល់នូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ដែលបានធ្វើរួមគ្នាក្រោម ការដឹកនាំរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការជាតិ និងថ្នាក់ក្រោមជាតិ និងការអនុវត្តនូវផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព (២០១៩-២០២៣)។ លោកស្រីបានមានប្រសាសន៍ថា៖ «ការអភិវឌ្ឍបរិយាបន្នពិការភាព នៅតែជារបៀបវារះសំខាន់របស់កម្មវិធីជំនួយរបស់អូស្រ្តាលី។ ដោយមានការគាំទ្រពីអូស្រ្តាលី កម្មវិធី ACCESS ពេលនេះបានបន្តការងាររហូតដល់ខែកញ្ញា ឆ្នាំ២០២៣។​ ដំណាក់កាលទី២របស់កម្មវិធី ACCESS នឹងបង្កើតឱកាសបន្តទៀតដើម្បីបន្តគាំទ្រដល់វិស័យពិការភាពនៅកម្ពុជា»។

លោកជំទាវ ប្រាក់ ថាវៈភារី អគ្គលេខាធិការដ្ឋានរងនៃអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃសិក្ខាសាលា និងបានបញ្ជាក់ថា សិក្ខាសាលានេះផ្តល់ឱកាសដល់ក្រុមប្រឹក្សាសកម្មភាពជនពិការនៅថ្នាក់ជាតិ និងក្រុមប្រឹក្សាសកម្មភាពជនពិការនៅថ្នាក់ក្រោមជាតិទាំង៥ខេត្ត ដើម្បីធ្វើការចែករំលែក និងពិភាក្សាពីបរិយាបន្នពិការភាពនៅសហគមន៍របស់ពួកគេ។ លោកជំទាវមានការកោតសរសើរចំពោះការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធី ACCESS ជាពិសេសការបន្តការអនុវត្តកម្មវិធីរយៈពេលពីរឆ្នាំបន្តទៀត ដើម្បីគាំទ្រដល់វិស័យពិការភាពនៅកម្ពុជា។

អ្នកចូលរួមមានការកោតសរសើរចំពោះសមិទ្ធិផលរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត នៅក្នុងការគាំទ្រដល់ជនមានពិការភាព។ អ្នកចូលរួមក៏បានកំណត់បញ្ហាប្រឈមនៅក្នុងតំបន់ មានដូចជាការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព កង្វះខាតថវិកា ការផ្តល់នូវការបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាពនៅកន្លែងធ្វើការ និងនៅទីសាធារណៈ​ ព្រមទាំងការផ្សព្វផ្សាយពីសិទ្ធិរបស់ជនមានពិការភាព និងកង្វះខាតនូវប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃ។ ជាងនេះទៅទៀត អ្នកចូលរួមបានកំណត់អនុសាសន៍សំខាន់ៗ រួមទាំងការកសាងសមត្ថភាពសម្រាប់ក្រុមប្រឹក្សាសកម្មភាពជនពិការថ្នាក់ខេត្ត ការអភិវឌ្ឍបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការភាព និងផ្តល់នូវវគ្គបណ្តុះបណ្តាលសម្រាប់ជនមានពិការភាព និងផ្តល់អំណាចដល់ពួកគេឱ្យរស់នៅដោយមានភាពឯករាជ្យ និងសេចក្តីថ្លៃថ្នូរ៕