អូស្រ្តាលីគាំទ្រវគ្គបណ្តុះបណ្តាលស្តីពីសមភាពយេនឌ័រដល់បុគ្គលិកមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា

អូស្រ្តាលីគាំទ្រវគ្គបណ្តុះបណ្តាលស្តីពីសមភាពយេនឌ័រដល់បុគ្គលិកមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា

កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌(ACCESS) បានតើតួនាទីសំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបរិយាបន្នពិការភាពនៅកម្ពុជា។ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងទាំងនេះ កម្មវិធី ACCESS បានគាំទ្រវគ្គបណ្តុះបណ្តាលសមភាពយេនឌ័រ ទៅដល់អ្នកចូលរួមចំនួន៤៣នាក់ (២៧នាក់ជាស្រ្តី)។ អ្នកចូលរួមទាំងនោះមកពីមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាទាំង១១ទូទាំងប្រទេស រួមទាំងរោងចក្រផលិតអវយវះសិប្បនិមិ្មត​ និងរណប និងមូលនិធិជនពិការ។

ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី​តាមរយៈកម្មវិធីACCESS អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ (CWCC) បានរៀបចំវគ្គបណ្តុះបណ្តាលនេះ ដែលរៀបចំកាលពីសប្តាហ៍ចុងក្រោយខែសីហា និងដើមសប្តាហ៍ខែកញ្ញា ឆ្នាំ២០២១។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីបង្កើនការយល់ដឹងបន្ថែមស្តីពីសមភាពយេនឌ័រក្នុងចំណោមអ្នកពាក់ព័ន្ធផ្នែកពិការភាព និងការផ្តល់ការបណ្តុះបណ្តាលស្តីពីរបៀបផ្តល់សេវាឆ្លើយតប និងសេវាបរិយាបន្នដល់ជនមានពិការភាព។

លោក ម៉ម សុត្ថារ៉ា នាយករងមូលនិធិជនពិការ បានមានថ្លែងសុន្ទរកថានៅក្នុងវគ្គបណ្តុះបណ្តាល ដោយលោកបានបញ្ជាក់ពីសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីពង្រឹងចំណេះដឹង និងការយល់ដឹងជុំវិញការផ្តល់សេវាប្រកបដោយប្រសិទ្ធិភាព។ លោកនាយករង បានថ្លែងអំណរគុណដល់ការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធីACCESS ដល់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា។ លោកសង្ឃឹមថា ការគាំទ្រពីកម្មវិធីACCESS និងដៃគូពាក់ព័ន្ធ នឹងពង្រឹងគុណភាព និងបរិយាបន្នសេវាដល់ជនមានពិការភាព និងក្រុមគ្រួសាររបស់ពួកគេ។

នៅក្នុងវគ្គបណ្តុះបណ្តាលនេះ អ្នកចូលរួមបានចែករំលែកនូវបទពិសោធ ការរំពឹងទុក និងក្តីកង្វល់។​​ ចំពោះក្តីរំពឹងរបស់ពួកគេរួមមាន ការទទួលបានចំណេះដឹងថ្មីៗបន្ថែមស្តីពីសមភាពយេនឌ័រ និងអំពើហិង្សាលើស្រ្តីនិងជនមានពិការភាព រួមទាំងការកើនឡើងចំនួនស្រ្តីទៅរកសេវានៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា លើកទឹកចិត្តការចូលរួមពីស្រ្តីនៅក្នុងសង្គម និងបង្កើនការយកចិត្តទុកដាក់ ពីអជ្ញាធរលើបញ្ហាអំពើហិង្សាលើស្រ្តីនិងជនមានពិការភាព។ ចំណែកឯក្តីបារម្ភរបស់ពួកគេរួមមានលទ្ធភាពរបស់សិក្ខាកាមនៅមានកម្រិតក្នុងការជួយដល់ក្រុមគោលដៅ ភាពស្ទាក់ស្ទើររបស់ស្រ្តីក្នុងការទៅទទួលសេវាពីមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ដោយគ្មានអ្នកអមដំណើរ និងការចូលរួមនៅមានកំណត់ ព្រមទាំងការគាំទ្រដល់មណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាពីអ្នកនៅក្នុងសហគមន៍។

កម្មវិធីACCESS គាំទ្រដល់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា៦ក្នុងចំណោមមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាទាំង១១នៅកម្ពុជា។ សេវាបឋមដែលផ្តល់ដោយមជ្ឈមណ្ឌលស្តាររួមមានការផលិតផលិតអវយវះសិប្បនិមិ្មត​ រណប និងឧបករណ៍ជំនួយ ការផ្តល់ការព្យាបាលដោយចលនាបន្ទាប់ពីដំណាក់កាលស្រួចស្រាវ និងទាំងដំណាកកាលយូរអង្វែង និងការផ្តល់នូវរទេះរុញ និងសេវាសង្គម៕