មន្រ្តីថ្នាក់ខេត្ត ទទួលបានវគ្គបណ្តុះបណ្តាល ស្តីពីថវិកាឆ្លើយតបនឹងយេនឌ័រ
កាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងកិច្ចការនារី ក្នុងភាពជាដៃគូ និងកិច្ចសហការជាមួយក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានផ្តល់វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីថវិកាឆ្លើយតបនឹងយេនឌ័រ ក្នុងកម្មវិធីអភិវឌ្ឍឃុំ-សង្កាត់ ដល់មន្រ្តីថ្នាក់ខេត្ត។ វគ្គបណ្តុះបណ្តាលនេះ មានការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធី ACCESS ។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ដើម្បីអភិវឌ្ឍន៍សមត្ថភាពក្រុមគ្រូបង្គោលថ្នាក់ខេត្ត ស្តីពីថវិកាឆ្លើយតបយេនឌ័រនៅក្នុងកម្មវិធីវិនិយោគឃុំ-សង្កាត់ ក្នុងការបណ្តុះបណ្តាល និងគាំទ្របន្តដល់មន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស ឃុំ-សង្កាត់ ដែលមានសារៈសំខាន់សម្រាប់កម្មវិធីវិនិយោគ៣ឆ្នាំរំកិល និងដើម្បី ផ្តល់ឱ្យគាត់នូវជំនាញក្នុងការបណ្តុះបណ្តាល ដើម្បីគាំទ្រឱ្យកាន់តែប្រសើរដល់ដៃគូពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ។
នេះគឺជាវគ្គបណ្តុះបណ្តាលដែលធ្វើបន្តពីវគ្គបណ្តុះបណ្តាលដល់គ្រូបង្គោលថ្នាក់ជាតិ ដែលរៀបចំឡើងកាលពីខែមុន។ គ្រូបង្គោលថ្នាក់ជាតិ បានពង្រីកចំណេះដឹងរបស់គាត់ដល់គ្រូបង្គោលថ្នាក់ខេត្ត ដើម្បីចែករំលែកបន្តទៅថ្នាក់ស្រុក និងថ្នាក់ឃុំ នៅក្នុងខេត្តរបស់គាត់។
គ្រូបង្គោលថ្នាក់ជាតិ មានអ្នកជំនាញមកពីនាយកដ្ឋានសមភាពយេនឌ័រនៃក្រសួងកិច្ចការនារី និង គ.ជ.អ.ប ។ គ្រូបង្គោលថ្នាក់ខេត្តរួមមាន មន្រ្តីមកពីខេត្តគោលដៅចំនួន៣ រួមមាន ខេត្តកំពង់ស្ពឺ សៀមរាប និងកំពង់ចាម។
លោកស្រី វ៉ាន់ ចាន់ណា អនុប្រធានមន្ទីរកិច្ចការនារីខេត្តសៀមរាប បាននិយាយថា៖ «វគ្គបណ្តុះបណ្តាលនេះ ផ្តល់សារៈសំខាន់ចំពោះខ្ញុំ និងអ្នកចូលរួមផ្សេងទៀត ដែលមកពីខេត្តទាំងបី។ ខ្ញុំរៀនសូត្របានច្រើនអំពីថវិកាឆ្លើយតបនឹងយេនឌ័រ ជាពិសេសការរៀបចំផែនការនៅក្នុងកម្មវិធីវិនិយោគឃុំ-សង្កាត់»។
លោក Connor Floyd លេខាទី២នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងកិច្ចការនារី និងមន្រ្តីក្រសួងកិច្ចការនារី ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះ។ សម្រាប់កិច្ចសហការដ៏ជោគជ័យ និងហុចផលផ្លែផ្កាដើម្បីលើកកម្ពស់សមភាពយេនឌ័រនៅថ្នាក់ក្រោមជាតិ។ លោកក៏បានទទួលស្គាល់ពីកិច្ចសហការប្រកបដោយជោគជ័យរបស់ក្រសួងមហាផ្ទៃ និងគ.ជ.អ.ប ដែលហុច ផ្លែផ្កា ដើម្បីលើកកម្ពស់សមភាពយេនឌ័រនៅថ្នាក់ក្រោមជាតិ៕