អូស្រ្តាលីគាំទ្រសិក្ខាសាលាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្តីពីការកសាងផែនការក្នុងការគាំទ្រជនមានអូទីហ្សឹមនៅកម្ពុជា

អូស្រ្តាលីគាំទ្រសិក្ខាសាលាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្តីពីការកសាងផែនការក្នុងការគាំទ្រជនមានអូទីហ្សឹមនៅកម្ពុជា

រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS) បានគាំទ្រសិក្ខាសាលាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកសាងផែនការការងារ​ក្នុងការគាំទ្រដល់ជនមានអូទីស្សឹមនៅកម្ពុជា។ សិក្ខាសាលាទាំងនេះ គឺជាជំហ៊ានមួយដ៏សំខាន់សំដៅឆ្ពោះទៅរកដំណោះស្រាយបញ្ហាប្រឈមរបស់ជនមានពិការភាព ជាពិសេស ជនមានអូទីស្សឹម។

កម្មវិធី ACCESS បានធ្វើការជាមួយដៃគូមួយចំនួននៅក្នុងវិស័យពិការភាព ដើម្បីបង្កើត និងអភិវឌ្ឍវិធីសាស្រ្តក្នុងការដោះស្រាយជាពហុវិស័យចំពោះបញ្ហាប្រឈមរបស់ជនមានពិការភាព ជាពិសេសជន មានអូទីស្សឹម។

សិក្ខាសាលានេះ បានប្រមូលផ្តុំអ្នកពាក់ព័ន្ធមកពីវិស័យពិការភាព ដែលរួមមានតំណាងមកពីក្រសួងសង្គមកិច្ច ​អតីតយុទ្ធជន និងយុវនីតិសម្បទា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ វិទ្យាស្ថានជាតិអប់រំពិសេស ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាក្រសួងសុខាភិបាល និងសមាគមអាណាព្យាបាលក្មេងមានអូទីស្សឹម។

សិក្ខាសាលាថ្នាក់ជាតិនេះ ត្រូវបានរៀនចំឡើងកាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅនៅរាជធានីភ្នំពេញ ដែលអញ្ជើញតំណាងចំនួន៩០នាក់ (មានស្រ្តីចំនួន៣១នាក់)។ សិក្ខាសាលានេះ ផ្តល់ឱកាសដល់សិក្ខាកាម ពិនិត្យអំពីស្ថានភាពបច្ចុប្បន្នទាក់ទងនឹងការយល់ដឹងអូទីស្សឹមនៅកម្ពុជា និងបង្កើតផែនការសកម្មភាពនាពេលអនាគត ដោយផ្តោតលើបីដំណាក់កាលនៃជីវិត៖ គឺ កិច្ចអន្តរាគមន៍បឋម កំឡុងពេលចូលសាលារៀន និងការផ្លាស់ប្តូរពីសាលារៀនទៅជីវិតពេញវ័យ។ ចំណែកឯសិក្ខាសាលានៅថ្នាក់ក្រោមជាតិ ធ្វើឡើងនៅថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នៅខេត្តកំពង់ចាម ដែលពិភាក្សាបន្តពីសិក្ខាសាលាថ្នាក់ជាតិ។

ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានមានប្រសាសន៍នៅក្នុងការបើកសិក្ខាសាលាថ្នាក់ជាតិ ព្រមទាំងបានលើកឡើង ដោយទាមទារឱ្យចូលរួមជាមួយគ្នាក្នុងការដោះស្រាយជាលក្ខណៈពហុវិស័យចំពោះបញ្ហាប្រឈមរបស់ជនមានពិការភាព ជាពិសេសជនមានពិការភាពគំហើញ ជនមានអូទីស្សឹម និងជនខ្សោយសតិបញ្ញា។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់តំណាងជនមានពិការភាព និងក្រុមគ្រួសារ ក៏ដូចជាភាគីពាក់ព័ន្ធទាំងនៅក្នុងវិស័ពិការភាព និងវិស័យពាក់ព័ន្ធសំខាន់ៗផ្សេងទៀតដែលបន្តចូលរួម និងគាំទ្រ។

សិក្ខាសាលាក៏បានគូសបញ្ជាក់ផងដែរពីបញ្ហាប្រឈមរបស់ក្រុមគ្រួសារដែលមានកូនមានអូទីស្សឹម រួមទាំងគ្រួសារដែលមានប្រាក់ចំណូលទាប ដែលមានការលំបាកក្នុងការនាំកូនរបស់គាត់ទៅទទួលសេវា គាំទ្រ ហើយក្មេងខ្លះជួបប្រទះនឹងការរើសអើង។ លោក សរ ចន្ទរិទ្ធី តំណាងសមាគមន៍អាណាព្យាបាលជនមានអូទីស្សឹម បានធ្វើការកត់សម្គាល់ថា វិទ្យាស្ថានជាតិអប់រំពិសេស មានថ្នាក់បង្រៀនពិសេស ដើម្បីគាំទ្រដល់កុមារមានអូទីស្សឹម ហើយកិច្ចការងារនេះនៅមានផ្លូវវែងឆ្ងាយតទៀត ក្នុងការផ្តល់ការគាំទ្រ និងការផ្តល់សេវាផ្សេងៗ។

លោក Sasha CIGLJAREVICអនុប្រធានកម្មវិធី ACCESS បានអបអរសាទរដល់សមភាគីរដ្ឋាភិបាល និងដៃគូអនុវត្តគម្រោង សម្រាប់ការងារដ៏អស្ចារ្យដែលសម្រេចបាននៅក្នុងវិស័យពិការភាព ជាពិសេសនៅក្នុងភាពជាដៃគូជាមួយកម្មវិធី ACCESS។ លោក Sasha បានគូសបញ្ជាក់ពីសារៈសំខាន់នៃប្រើប្រាស់ការរកឃើញនៃការស្រាវជ្រាវស្តីពីការវិភាគស្ថានភាពជនមានអូទីស្សឹមនៅកម្ពុជា ដែលកំណត់នូវស្តង់ដាវិជ្ជាជីវៈដែលត្រូវតាមបច្ចេកទេស ហើយវាអាចជាឯកសារយោងមួយ ក្នុងការបង្កើតផែនការការងារដ៏សមរម្យ ដើម្បីជាការពិចារណាពីការបង្កើនគុណភាពជីវិតរបស់ជនមានអូទីស្សឹមនៅទូទាំងប្រទេសកម្ពុជា និងបញ្ហាប្រឈមដែលគ្រួសារដែលមានកូនមានអូទីស្សឹមជួបប្រទះ។

សរុបមក សិក្ខាសាលាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្តីពីការកសាងផែនការក្នុងការគាំទ្រជនមានអូទីហ្សឹមនៅកម្ពុជា គឺជាជំហ៊ានមួយដ៏សំខាន់សំដៅឆ្ពោះទៅរកដំណោះស្រាយបញ្ហាប្រឈមរបស់សហគមន៍ជនមានពិការភាព។ ការគាំទ្ររបស់រដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធីACCESS គឺមានតម្លៃ ហើយកិច្ចប្រឹងប្រែងសហការរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធនៅក្នុងវិស័យពិការភាព គឺមានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍ដំណោះស្រាយជាលក្ខណៈពហុវិស័យចំពោះបញ្ហាប្រឈម៕