ដំណើរកម្សាន្តប្រចំាឆ្នាំរបស់កម្មវិធីACCESS បញ្ចប់ទៅដោយបង្កើតនូវអនុស្សាវរីយ៍ដ៏អស្ចារ្យ

ដំណើរកម្សាន្តប្រចំាឆ្នាំរបស់កម្មវិធីACCESS បញ្ចប់ទៅដោយបង្កើតនូវអនុស្សាវរីយ៍ដ៏អស្ចារ្យ

កាលពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌(ACCESS) បានរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំទៅខេត្តកែប។ គោលបំណងនៃដំណើរកម្សាន្តនេះ គឺដើម្បីពិនិត្យមើលពីសមិទ្ធិផលដែលសម្រេចបាន និងឆ្លុះបញ្ចាំងកម្មវិធី ACCESS ព្រមទាំងរំលេចនូវមេរៀនដែលបានរៀនកន្លងមក។ នេះក៏ជាឱកាសមួយ ដើម្បីពង្រឹងស្មារតីក្រុមការងារ និងបណ្តុះកិច្ចសហការគ្នាឱ្យកាន់តែស្អិតរមួតរវាងគ្នានឹងគ្នានៅគ្រប់ផ្នែក។

កំឡុងពេលដំណើរកម្សាន្ត បុគ្គលិកកម្មវិធី ACCESS បានចូលរួមសកម្មភាពដែលបានគ្រោងទុកក្នុងរបៀបវារះ។ សកម្មភាពនីមួយៗ ត្រូវបានសម្របសម្រួលដោយគណៈកម្មាការ ដោយផ្អែកទៅតាមតួនាទី និងការទទួលខុសត្រូវដែលបានគ្រោងទុក។ សកម្មភាពទាំងនេះរួមមាន ឆ្លុះបញ្ចាំងសកម្មភាពក្រុម ស្តីពីកម្មវិធីACCESS ការដើរនៅតាមជើងភ្នំ ចែករំលែកនូវបទពិសោធផ្ទាល់ខ្លួន និងសកម្មភាពកម្សាន្តមួយចំនួននៅលើកោះ។ ក្រៅពីនេះក៏មានសកម្មភាពកសាងក្រុមដ៏គួរឱ្យភ្ញាក់ផ្អើល និងការចម្អិនអាហារសាមគ្គីជាក្រុមដែលមានលក្ខណៈបរិយាបន្ន ដោយមានទាំងការចម្អិនអាហារបែបខ្មែរ អាហារអឺរ៉ុប អាហារបែបខ្មែរឥស្លាម និងបង្អែមផ្លែឈើជាដើម។ សកម្មភាពទាំងនេះ បង្កបរិយាកាសឱ្យបុគ្គលិក បានចែករំលែកនូវគំនិតច្នៃប្រឌិត ជំរុញការងារជាក្រុម និងផ្តល់នូវការកម្សាន្តសប្បាយ។

ជាផ្នែកមួយនៃសកម្មភាពនៅថ្ងៃទី៣ បុគ្គលិកកម្មវិធី ACCESS មានឱកាសបានទៅទស្សនៈកិច្ចនៅមជ្ឈមណ្ឌល Epic Arts Centre ដែលជាមជ្ឈមណ្ឌលសិល្បៈបរិយាបន្ន ដែលធ្វើការគាំទ្រដល់សហគមន៍មានកម្សោយក្នុងការស្តាប់ និងនិយាយ និងពិការភាពនៅក្នុងខេត្តកំពត ដោយផ្តល់ការបង្រៀនផ្នែកសិល្បៈ តន្ត្រី របាំ និងសិប្បកម្ម។

ដំណើរកម្សាន្ត បានបញ្ចប់ទៅដោយបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏អស្ចារ្យសម្រាប់អ្នករាល់គ្នា ដោយអ្នកចូលរួមបានរៀនសូត្របន្ថែម ចែករំលែក និងរីករាយជាមួយគ្នា។

គណៈកម្មាការក៏បានប្រមូលនូវមតិត្រឡប់ពីបុគ្គលិក ស្តីពីដំណើរកម្សាន្ត និងសកម្មភាពនានា ដើម្បីធ្វើឱ្យដំណើរក​ម្សាន្តលើកក្រោយទៀត កាន់តែប្រសើរឡើង។ ជាលទ្ធផល បុគ្គលិកភាគច្រើនបានបញ្ជាក់ថា ពួកគេពេញចិត្តស្ទើរតែគ្រប់សកម្មភាពនៅក្នុងកម្មវិធី រួមទាំងការរៀបចំជាដើម៕