កិច្ចប្រជុំប្រចាំត្រីមាសលើកទី១៣ ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងយេនឌ័ររបស់កម្មវិធី ACCESS ធ្វើឡើងនៅទីក្រុងភ្នំពេញ
កាលពីថ្ងទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ កិច្ចប្រជុំប្រចាំត្រីមាសលើកទី១៣ ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងយេនឌ័រ ត្រូវបានរៀបចំនៅទីក្រុងភ្នំពេញ ដោយមានការគាំទ្រពីកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS)។ កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យមើលសមិទ្ធិផលសំខាន់ៗ បញ្ហាប្រឈមនានា និងការអនុវត្តល្អៗ រួមទាំងរឿងរ៉ាវជោគជ័យ និងកំណត់ការងារអាទិភាពនៅត្រីមាសបន្ទាប់។
កិច្ចប្រជុំនេះដឹកនាំដោយ លោកជំទាវ ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម នៃក្រសួងកិច្ចការនារី និងអ្នកចូលរួមដែលរួមមានតំណាងមកពីក្រសួងកិច្ចការនារី ក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារីខេត្ត ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងមកពីស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា តំណាងកម្មវិធី ACCESS និងដៃគូអនុវត្តគម្រោងរបស់កម្មវិធី ACCESS រួមមាន អង្គការUN Women អង្គការADD International(អតីតដៃគូអនុវត្តគម្រោង) មូលនីធិអាស៊ី អង្គការ CARE អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ អង្គការជំនួយផ្នែកច្បាប់ និងអង្គការចិត្តសង្គមអន្តរវប្បធម៌ និង UNFPA (អតីតដៃគូអនុវត្តគម្រោង)។
លោក Connor Floyd លេខាទី២នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានមានប្រសាសន៍នៅក្នុងការបើកកិច្ចប្រជុំថា៖ «ខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្រុមការងារបច្ចេកទេសក្រសួងកិច្ចការនារី សម្រាប់ភាពជាអ្នកដឹកនាំ កិច្ចសហប្រតិបត្តិការ និងការគាំទ្រ ដែលបានរួមចំណែកជាវិជ្ជមានដល់លទ្ធផលជោគជ័យ ដែលកម្មវិធី ACCESS សម្រេចបាន»។ លោកក៏បានថ្លែងអំណរគុណដល់មន្ទីរកិច្ចការនារី សម្រាប់ការគាំទ្រ និងកិច្ចសហការជាមួយដៃគូអនុវត្តគម្រោង ហើយលោកក៏បានអរគុណដល់ដៃគូអនុវត្តគម្រោងសម្រាប់ភាពជាដៃគូ និងកិច្ចសហការដ៏អស្ចារ្យក្រោមកម្មវិធី ACCESS ។
កិច្ចប្រជុំនេះ ពោរពេញដោយការចែករំលែក និងសិក្សាពីភាគីពាក់ព័ន្ធ មានដូចជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) មន្ទីរកិច្ចការនារីខេត្តសៀមរាប និងUNFPA។ របាយការណ៍ដែលគួរឱ្យចាប់អារម្មណ៍នោះគឺ បានបង្ហាញពីការត្រួតពិនិត្យរបស់តុលាការ ដោយ CCHR ក្រោមមូលនីធិអាអាស៊ីរបស់កម្មវិធី ACCESS។ ការសិក្សាបានបង្ហាញពីការអនុវត្តល្អៗ បញ្ហាប្រឈមដែលព្រះរាជអជ្ញាបាននឹងកំពុងអនុវត្តតាមគោលការណ៍ណែនាំឆ្លើយតបនឹងយេនឌ័រកំឡុងពេលសវនាការ។ ខណៈពេលនោះដែរ មន្ទីរកិច្ចការនារីខេត្តសៀមរាប ក៏បានចែករំលែកនូវការអនុវត្តនៃការប្រើប្រាស់កម្មវិធីគ្រប់គ្រងករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលមានឈ្មោះថា «Kobo toolbox application» ព្រមទាំងបានគូសបញ្ជាក់ថា កម្មវិធីនេះផ្តល់ដល់គាត់នូវទិន្នន័យដ៏ទូលំទូលាយ សម្រាប់ការវិភាគ រួមមានយេនឌ័រ អាយុ រួមទាំងប្រភេទពិការភាព។
លោកជំទាវ ញាណ សុចិត្រា ក៏បានសម្តែងនូវការកោតសរសើរ ចំពោះដៃគូអនុវត្តទាំងអស់ ដែលបានចែករំលែកនូវបទពិសោធ បញ្ហាប្រឈម និងសមិទ្ធិផលសំខាន់ៗ។ លោកជំទាវ បានស្នើរសុំឱ្យដៃគូអនុវត្តគម្រោងទាំងអស់ បញ្ចប់សកម្មភាពដោយជោគជ័យ និងផលិតរបាយការណ៍ ព្រមទាំងករណីសិក្សាសម្រាប់ការអនុវត្តនាពេលអនាគត៕