កិច្ចប្រជុំប្រចាំត្រីមាសលើកទី១៣ ក្រុមការងារផ្នែកពិការភាព គូសបញ្ជាក់ពីលទ្ធផលពីត្រីមាសមុន
«គិតត្រឹមចុងខែធ្នូ ឆ្នាំ២០២២ ជនមានពិការភាពដែលចូលបម្រើក្នុងវិស័យសាធារណៈ មានចំនួន៣,៧៤៨ នាក់ (ស្រ្តី២៣ភាគរយ) បានកើនឡើង៤ភាគរយបើធៀបនឹងឆ្នាំ២០២១។ ជនមានពិការភាពដែលចូលបម្រើការងារក្នុងវិស័យឯកជនមាន៥,៨៣៩នាក់ (ស្រ្តី៦៦ភាគរយ) បានកើនឡើង១២ភាគរយបើធៀបនឹងឆ្នាំ២០២១» នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលបានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំលើកទី១៣ ក្រុមការងារផ្នែកពិការភាព ដែលគាំទ្រដោយរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌(ACCESS)។
កិច្ចប្រជុំលើកទី១៣នេះ រៀបចំឡើងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ឯម ច័ន្ទមករា ហើយមានអ្នកចូលរួមដែលមានតំណាងមកពី សមភាគីរដ្ឋាភិបាល រួមមាន នាយកដ្ឋានសុខមាលភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងកិច្ចការនារី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាសកម្មភាពខេត្ត និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងដៃគូអនុវត្តគម្រោងរបស់កម្មវិធី ACCESS (អង្គការជនពិការកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក/Good Return អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្ន (PAfID) អង្គការ Humanity & Inclusion (HI) អង្គការ UNDP សហគ្រាសសង្គមអ៊ែដ្យាយល៍ និងអង្គការ ADD International (អតីតដៃគូអនុវត្តគម្រោងរបស់កម្មវិធី ACCESS)។
កិច្ចប្រជុំនេះ មានគោលបំណង ពិនិត្យឡើងវិញលើវឌ្ឍនភាព បញ្ហាប្រឈម និងព័ត៌មានពាក់ព័ន្ធផ្សេងៗពីដៃគូ សម្រាប់កំឡុងពេលត្រីមាសមុនពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២២ និងចែករំលែកពីការងារអាទិភាពសម្រាប់ត្រីមាស់បន្ទាប់។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ភាគីរដ្ឋាភិបាល និងដៃគូអនុវត្តគម្រោងរបស់កម្មវិធី ACCESSដែលបានចែករំលែកនូវការអនុវត្តល្អៗ និងមេរៀនដែលបានរៀន។ របាយការណ៍ដែលចាប់អារម្មណ៍ខ្លាំងនោះគឺ ការធ្វើបទបង្ហាញដោយអង្គការ HI ដោយបង្ហាញថា ក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រុមប្រឹក្សាសកម្មភាពខេត្ត ដែលមានដូចជា៖
- បានផ្តល់វគ្គបណ្តុះបណ្តាលដល់គ្រូបង្គោល រៀបចំសិក្ខាសាលាស្តីពីស្តង់ដារហេដ្ឋារចនាសម្ព័ន្ធរូរវន្តបង្កលក្ខណៈងាយស្រួល ដែលសិក្ខាសាលានេះផ្តល់ដល់និស្សិត និងសាស្រ្តាចារ្យចំនួន១៤៧នាក់ ដែលមកពីមហាវិទ្យាល័យចំនួន៤
- រៀបចំការប្រកួតប្រជែងការរចនាស្តីពីហេដ្ឋារចនាសម្ព័ន្ធរូរវន្តបង្កលក្ខណៈងាយស្រួល ដែលមានគោលបំណងជំរុញទឹកចិត្តនិស្សិតផ្នែកវិស្វកម្មនិងស្ថាបត្យកម្មឱ្យមានការវិវឌ្ឍបន្ថែមទៀតនូវជំនាញបច្ចេកទេសរចនាហេដ្ឋារចនាសម្ព័ន្ធរូរវន្តបង្កលក្ខណៈងាយស្រួលរបស់ពួកគេ និងបញ្ចូលវានៅគ្រប់ទីធ្លាសាធារណៈនៃការរចនាសំណង់អគារ សម្រាប់ជាតម្រូវការរបស់ជនមានពិការភាព។
ចំណែកអង្គការជនពិការកម្ពុជា បានចែករំលែកនូវវឌ្ឍនភាព រួមទាំងបន្តគាំទ្រ និងពង្រឹងសមត្ថភាពជនមានពិការភាព តាមរយៈកិច្ចប្រជុំបណ្តាញអង្គការតំណាងជនមានពិការភាព និងការផ្សព្វផ្សាយ និងផលិតស្ពតវិទ្យុអំពីប្រព័ន្ធជំនួយសង្គមចំនួន៨ស្ពត។
លោក Connor Floyd លេខាទី២នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានកោតសរសើរចំពោះវឌ្ឍនភាពដ៏អស្ចារ្យ ដោយស្ថាប័នរដ្ឋាភិបាល តំណាងបណ្តាណអង្គការតំណាងជនមានពិការភាព និងដៃគូមិនមែនរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ សមិទ្ធិផលទាំងនេះ រួមមាន៖
- ការអនុវត្តនូវស្តង់ដារបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធបង្កលក្ខណៈងាយស្រួល
- វគ្គបណ្តុះបណ្តាលដែលផ្តល់ដល់ក្រុមប្រឹក្សាសកម្មភាពខេត្តចំនួន១០
- វគ្គបណ្តុះបណ្តាលភាសាសញ្ញាដែលផ្តល់ដល់វិទ្យាស្ថានអប់រំពិសេស និងកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ សម្រាប់ជនមានកម្សោយក្នុងការស្តាប់ចំនួន១៨នាក់ (១៣នាក់ជាស្រ្តី) និងសមិទ្ធិផលជាច្រើនផ្សេងទៀត៕