កិច្ចប្រជុំប្រចាំត្រីមាសលើកចុងក្រោយ ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងយេនឌ័រ ចែករំលែកនូវសមិទ្ធិផលសំខាន់ៗ និងវឌ្ឍនភាព

កិច្ចប្រជុំប្រចាំត្រីមាសលើកចុងក្រោយ ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងយេនឌ័រ ចែករំលែកនូវសមិទ្ធិផលសំខាន់ៗ និងវឌ្ឍនភាព

កិច្ចប្រជុំប្រចាំត្រីមាសក្រុមការងារផ្នែកអំពើហិង្សាទាក់ទងយេនឌ័រ បានប្រមូលផ្តុំនូវសមភាគីរដ្ឋាភិបាល និងដៃគូអនុវត្តគម្រោងរបស់កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS) ដែលធ្វើការផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដើម្បីពិភាក្សាពីវឌ្ឍនភាពនៅត្រីមាសមុនរបស់ក្រុមការងារ ព្រមទាំងចែករំលែកនូវផែនការសកម្មភាពនាពេលខាងមុខ។ កិច្ចប្រជុំលើកទី១ ត្រូវបានរៀនចំឡើងកាលពីដើមឆ្នាំ២០២០ ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធី ACCESS។

កិច្ចប្រជុំលើកទី១៤ និងជាលើកចុងក្រោយនៃក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រនេះ បានធ្វើឡើងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ និងត្រូវបានសម្របសម្រួលដោយក្រសួងកិច្ចការនារី ដោយគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធី ACCESS។

ដោយសារនេះជាកិច្ចប្រជុំប្រចាំត្រីមាសលើកចុងក្រោយ មុនពេលបញ្ចប់កម្មវិធី ACCESS ជុំទី១ កិច្ចប្រជុំនេះផ្តល់នូវឱកាសដ៏ល្អមួយសម្រាប់អ្នកចូលរួម ពិនិត្យមើលពីសមិទ្ធិផលសំខាន់ៗជារួម បញ្ហាប្រឈមធំៗ និងការអនុវត្តល្អៗ ក៏ដូចជាពិភាក្សារឿងរ៉ាវជោគជ័យជុំវិញដំណើរការក្រុមការងារ។

សមិទ្ធិផលសំខាន់ៗរបស់កិច្ចប្រជុំក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ រួមមានកសាងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងចំណោមដៃគូរដ្ឋាភិបាល និងដៃគូអនុវត្តន៍គម្រោង ស្វែងរកនូវដំណោះស្រាយដែលល្អចំពោះបញ្ហាដែលបានលើកឡើង និងចែករំលែកនូវការអនុវត្តល្អៗក្នុងចំណោមសមាជិកក្រុមការងារ។ កិច្ចប្រជុំ ក៏បានផ្តល់ដល់អ្នកចូលរួមនូវរបកគំហើញ និងការសិក្សាថ្មីៗ ព័ត៌មាន និងចំណេះដឹងដែលពួកគេអាចយកត្រូវឡប់ទៅស្ថាប័នគាត់វិញបាន ព្រមទាំងបង្កើតនូវទំនាក់ទំនងយ៉ាងរ៉ឹងមាំរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពការងារ ព្រមទាំងផ្តល់នូវឱកាសដ៏ល្អមួយដែលបញ្ហានៅថ្នាក់ក្រោមជាតិត្រូវបានពាំនាំទៅថ្នាក់ជាតិ។ ជាងនេះទៀត កិច្ចប្រជុំក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ផ្តល់នូវសមភាគីរដ្ឋាភិបាល នូវភាពជាម្ចាស់ ដោយដឹកនាំដោយក្រសួងកិច្ចការនារី។

កិច្ចប្រជុំលើកចុងក្រោយនេះ ត្រូវបានដឹកនាំដោយលោកជំទាវ ញាណ សុចិត្រា អគ្គនាយកនៃនាយដ្ឋានអភិវឌ្ឍន៍សង្គមក្រសួងកិច្ចការនារី ព្រមទាំងមានអ្នកចូលរួមដែលមានតំណាងមកពីក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារីខេត្ត ក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងស្ថានទូតទូស្រ្តាលីប្រចាំនៅកម្ពុជា តំណាងកម្មវិធី ACCESS ដៃគូអនុវត្តកម្មវិធី ACCESS រួមមាន៖ អង្គការUN Women អង្គការADD International(អតីតដៃគូអនុវត្តគម្រោង) មូលនីធិអាអាស៊ី អង្គការ CARE អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ អង្គការជំនួយផ្នែកច្បាប់ និងអង្គការចិត្តសង្គមអន្តរវប្បធម៌ និង UNFPA (អតីតដៃគូអនុវត្តគម្រោង)។

លោក Connor Floyd លេខាទី២នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ បានថ្លែងអំណរគុណដល់អ្នកចូលរួម ជាពិសេសអ្នកដែលបានចូលរួមតាំងពីកិច្ចប្រជុំលើកទី១។ លោកបានធ្វើការកត់សម្គាល់ថា៖ «យើងសិក្សា និងផ្លាស់ប្តូរទស្សនៈស្តីពីការយល់ដឹង បទពិសោធន៍របស់យើង នៅក្នុងការអនុវត្តល្អៗ ដែលធ្វើឱ្យយើងទទួលបាននូវព័ត៌មាន និងមានប្រយោជន៍សម្រាប់យើងទាំងអស់គ្នា»។

កិច្ចប្រជុំផ្តល់នូវបរិយាកាសអំណោយផលសម្រាប់អ្នកពាក់ព័ន្ធ និងដៃគូអនុវត្តន៍គម្រោង បានចែករំលែក និងរៀនសូត្រពីគ្នាទៅវិញទៅមក ដោយមានបទបង្ហាញពីស្ថាប័ននានា មានដូចជា អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ និងមន្ទីរកិច្ចការនារីខេត្តរតនៈគីរី។

របាយការណ៍របស់អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា គួរឱ្យកត់សម្គាល់ ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃវិធានការសម្រចចិត្តរបស់រដ្ឋបាលនៅក្នុងច្បាប់ ស្តីពីការការពារអំពើហិង្សាក្នុងគ្រួសារ និងការពារជនរងគ្រោះដែលមិនត្រូវបានអនុវត្តន៍។ អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា បានផ្តល់នូវការគាំទ្រចំនួន១៦៦ករណី និងផ្តល់វគ្គបណ្តុះបណ្តាលពាក់ព័ន្ធនឹងគោលការណ៍ណែនាំ និងស្តង់ដាអប្បបរមា សម្រាប់សេវាអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដល់ក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ ចំនួន១៦វគ្គ នៅក្នុងស្រុកគោលដៅចំនួន៤។

អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ បានចែករំលែកនូវសមិទ្ធិផលរបស់ខ្លួន និងបានបញ្ជាក់ពីការគាំទ្រសំខាន់ៗ ដែលគាំទ្របានចំនួន៥៩៤ករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមរយៈជំនួយផ្នែកច្បាប់ ប្រឹក្សាយោបល់ មណ្ឌលសុវត្ថិភាព និងសេវាសមាហរណកម្មសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ ក៏បានផ្តល់នូវវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនឹងគោលការណ៍ណែនាំ និងស្តង់ដាអប្បបរមា សម្រាប់សេវាអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដល់សមាជិកក្រុមងារឆ្លើយតបអំពើហិង្សាទាក់នឹងយេនឌ័របានចំនួន១៨៤នាក់។

ដោយឡែកមន្ទីរកិច្ចការនារីខេត្តរតនៈគីរី បានធ្វើបទបង្ហាញសមិទ្ធិផលសំខាន់ៗរបស់ខ្លួនដែរ នៅក្នុងការឆ្លើយតបតម្រូវការ និងបញ្ហារបស់ស្រ្តី និងក្មេងស្រីដែលជាជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមរយៈសេវាដែលផ្តល់ដោយក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅថ្នាក់ខេត្ត និងថ្នាក់ស្រុក។

ដើម្បីបញ្ចប់កិច្ចប្រជុំ លោកជំទាវញាណ សុចិត្រា បានថ្លែងអំណរគុណដល់ដៃគូអនុវត្តន៍គម្រោងទាំងអស់ ដែលបានចែករំលែកនូវវឌ្ឍនភាពសំខាន់ៗ បញ្ហាប្រឈម និងសមិទ្ធិផលនានាកំឡុងពេលត្រីមាសមុន និងតំាងពីមានការបង្កើតក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ លោកជំទាវក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី សម្រាប់ភាពជាដៃគូ ជាមួយក្រសួងកិច្ចការនារី និងដៃគូអនុវត្តន៍គម្រោង តាមរយៈកម្មវិធី ACCESS រយៈពេល៥ឆ្នាំ ក្នុងការគាំទ្រដល់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាពនៅកម្ពុជា ហើយកេរតំណែលនេះ នឹងបន្តជំរុញកិច្ចប្រឹងប្រែងទៅថ្ងៃអនាគត ដើម្បីប្រយុទ្ធនឹងអំពើហិង្សានៅកម្ពុជា៕