កិច្ចប្រជុំប្រចាំត្រីមាសផ្នែកពិការភាព-ត្រីមាសលើកទី១៤៖ ចែករំលែកនូវបទពិសោធ និងសមិទ្ធិផលសំខាន់ៗ

កិច្ចប្រជុំប្រចាំត្រីមាសផ្នែកពិការភាព-ត្រីមាសលើកទី១៤៖ ចែករំលែកនូវបទពិសោធ និងសមិទ្ធិផលសំខាន់ៗ

កិច្ចប្រជុំប្រចាំត្រីមាសផ្នែកពិការភាព បានប្រមូលផ្តុំនូវសមភាគីរដ្ឋាភិបាល និងដៃគូអនុវត្តន៍គម្រោងរបស់កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី–កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS) ដែលធ្វើការជាមួយគ្នាក្នុងវិស័យពិការភាព ចែករំលែក និងពិភាក្សាពីវឌ្ឍនភាពការងារនៅត្រីមាសមុន និងចែករំលែកនូវផែនការសក​ម្មភាពនៅត្រីមាសបន្ទាប់។ កិច្ចប្រជុំប្រចាំត្រីមាសផ្នែកពិការភាពលើកទី១ ធ្វើឡើងនៅថ្ងៃនៅដើមឆ្នាំ២០២០។ រដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធី ACCESS បានគាំទ្រដល់កិច្ចប្រជុំនេះតាំងពីត្រីមាសទី១ រហូតដល់កិច្ចប្រជុំត្រីមាសចុងក្រោយ។​

ត្រីមាសលើកទី១៤របស់ក្រុមការងារផ្នែកពិការភាព បានប្រារព្វឡើងនៅថ្ងៃទី១២ ខែឧសភាព ឆ្នាំ២០២៣ សម្របសម្រួលដោយ នាយកដ្ឋានសុខមាលភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ កិច្ចប្រជុំប្រចាំត្រីមាសចុងក្រោយរបស់កម្មវិធីACCESS ជុំទី១នេះ ផ្តល់ឱកាសដល់អ្នកចូលរួម បានពិនិត្យឡើងវិញលើវឌ្ឍនភាព បញ្ហាប្រឈម និងព័ត៌មានពាក់ព័ន្ធផ្សេងៗពីដៃគូ សម្រាប់កំឡុងពេលត្រីមាសមុន និងចែករំលែកពីបច្ចុប្បន្នភាព និងអាទិភាពសំខាន់ៗសម្រាប់ត្រីមាសចុងក្រោយរបស់កម្មវិធី ACCESS។

កិច្ចប្រជុំប្រចាំត្រីមាសលើកចុងក្រោយនេះ ត្រូវបានដឹកនាំដោយលោក សាន់ រតនា ប្រធាននាយកដ្ឋានសុខមាលភាពជនពិការ និងមានអ្នកចូលរួមដែលមាន តំណាងមកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា តំណាងក្រសួងពាក់ព័ន្ធ តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា តំណាងកម្មវិធី ACCESS ដៃគូអនុវត្តគម្រោងរបស់កម្មវិធី ACCESS រួមមាន អង្គការ ADDអន្តរជាតិ សហគ្រាសសង្គមអ៊ែដ្យាយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ម.ក/អង្គការ Good Return អង្គការជនពិការកម្ពុជា អង្គការ Humanity & Inclusion (HI)  អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្ន (អតីត LFTW) និង UNDP។

សមិទ្ធិផលសំខាន់ៗរបស់ក្រុមការងារផ្នែកពិការភាព រួមមាន៖

  • ពង្រឹងការសម្របសម្រួលជាពហុវិស័យនៃវិស័យពិការភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការបង្កើតផែនការអនុវត្តន៍ពហុវិស័យប្រចាំឆ្នាំ​នៅក្នុងខេត្តគោលដៅចំនួន៥។
  • ការអភិវឌ្ឍន៍ ការអនុវត្តន៍ និងពិនិត្យឡើងវិញនូវគោលនយោបាយពាក់ព័ន្ធនានា និងឧបករណ៍ពាក់ព័ន្ធ ដែលស្របតាមការអនុវត្តន៍ល្អៗក្នុងក្របខណ្ឌអន្តរជាតិ ដូចជាពិនិត្យលើច្បាប់ពិការភាពថ្មី ការអនុវត្តន៍ការងារអាទិភាពសំខាន់ៗនៃផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៩ ដល់២០២៣ ផ្សព្វផ្សាយ និងដាក់ចេញ​នូវបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព និងសៀវភៅណែនាំស្តីពីបរិយាបន្នពិការភាព។
  • គាំទ្រការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទា នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាចំនួន៦ ជាលទ្ធផលនៅក្នុងការផ្តល់សេវាដល់អតិថិជន មានការកើនឡើង៧៧ភាគរយក្នុងឆ្នាំ២០២២ បើធៀបនឹងឆ្នាំ២០២១។ កម្រិតពេញចិត្តរបស់អតិថិជនចំពោះសេវានៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា មានការកើនឡើងពី៩២ភាគរយ (ទិន្នន័យដើមគ្រា) ទៅ៩៦ភាគរយ (ទិន្នន័យចុងគ្រា)។
  • ពង្រឹងការសម្របសម្រួលជាពហុវិស័យក្នុងវិស័យពិការភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការបង្កើតផែនការអនុវត្តពហុវិស័យប្រចាំឆ្នាំនៅក្នុងខេត្តគោលដៅចំនួន៥។
  • ឯកសារស្រាវជ្រាវ និងទិន្និន័យអំពីអត្រាប្រេវ៉ាឡង់ពិការភាពត្រូវបានរៀបចំឡើងកាន់ប្រសើរឡើងនិងអាចស្វែងរកងាយស្រួលជាងមុនដែលចូលរួមចំណែកក្នុងការគាំទ្រការរៀបចំគោលនយោបាយនិងកម្មវិធីជាតិផ្សេងៗបានកាន់តែប្រសើរនាពេលអនាគត។
  • ធ្វើឱ្យប្រសើរឡើងនូវបរិយាបន្នពិការភាព ទៅក្នុងវិស័យផ្សេងៗ ដូចជាកិច្ចគាំពារសង្គម សុខាភិបាល អប់រំ ការដឹកជញ្ជូនសាធារណៈ សំណង់ និងព័ត៌មាន ដែលអនុញ្ញាតឱ្យមានការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ជនមានពិការភាព។

លោក Connor Floyd លេខាទី២នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោកបានអបអរសាទរដល់សមភាគីរដ្ឋាភិបាល រួមទាំងអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ នាយកដ្ឋានសុខមាលភាពជនពិការ មូលនីធិជនពិការ អជ្ញាធរថ្នាក់ក្រោមជាតិ និងដៃគូអនុវត្តន៍គម្រោងសម្រាប់សមិទ្ធិផលដែលសម្រេចបានគួរឱ្យកត់សម្គាល់ កំឡុងពេល ACCESS  ជុំទី១ ។ លោកបានមានប្រសាសន៍ថា៖ «ប្រសិនជាយើងពិតជាធ្វើការឆ្ពោះទៅរកសង្គមមួយប្រកបដោយបរិយាបន្ន សង្គមមួយដែលមិនទុកនណាម្នាក់ចោល នោះគោលដៅដ៏ចាំចាប់គឺទាមទារឱ្យមានសកម្មភាពរួមគ្នា និងឯកភាពគ្រប់វិស័យ និងទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលគាំទ្រដោយការចូលរួមពីតំណាងជនមានពិការភាព»។

កិច្ចប្រជុំផ្តល់នូវបរិយាកាសរីករាយដល់អ្នកពាក់ព័ន្ធ និងដៃគូអនុវត្តគម្រោង ដើម្បីចែករំលែក និងរៀនសូត្រពីគ្នាទៅវិញទៅមក ដោយមានបទបង្ហាញចំនួន២ ត្រូវបានជ្រើសរើសយកមកបង្ហាញនៅទីនេះ រួមមាន បទបង្ហាញរបស់អង្គការជនពិការកម្ពុជា និង នាយកដ្ឋានសុខមាលភាពជនពិការ។ នាយកដ្ឋានសុខមាលភាពជនពិការ បានរាយការណ៍ពីសមិទ្ធិផលសំខាន់ៗ មានដូចជា ជនមានពិការភាពចំនួន១៦១.៩៥៨ ​(ដែលមាន៤៧ភាគរយជាស្រ្តី) ត្រូវបានចុះឈ្មោះនៅក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មានពិការភាព សម្របសម្រួលដល់លទ្ធភាពទទួលបានការងារធ្វើរបស់ជនមានពិការភាពប្រមាណជាង​៣៦២១នាក់ (២៣ភាគរយជាស្រ្តី) ធ្វើការនៅក្នុងស្ថាប័នរដ្ឋាភិបាល និងជនមានពិការភាពជាង ៥២៣៥នាក់ (៦៥ភាគរយជាស្រ្តី) ចូលបម្រើការងារនៅក្នុងស្ថាប័នឯកជន។ អង្គការជនពិការកម្ពុជា បានបង្ហាញពីសមិទ្ធិផលសំខាន់ៗក្នុងការគាំទ្រជនមានពិការភាព ដែលជនមានពិការភាពចំនួន ៥១២០នាក់ទទួលបានប័ណ្ណក្រីក្រ តាមរយៈការសម្របសម្រួលរបស់អង្គការតំណាងជនមានពិការភាពនៅក្នុងខេត្តគោលដៅរបស់គាត់ ផ្តល់ការកសាងសមត្ថភាពដល់អង្គការតំណាងជនមានពិការភាព ដោយផ្តោតលើបរិយាបន្ន និងការឆ្លើយតបនៅក្នុងប្រព័ន្ធកិច្ចគាំពារសង្គមសម្រាប់ជនមានពិការភាព។

នៅក្នុងសុន្ទរកថាបិទកិច្ចប្រជុំ លោក សាន់ រតនា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី សម្រាប់ការគាំទ្រតាមរយៈកម្មវិធី ACCESS ដែលបានរួមចំណែកដល់ការអនុវត្តន៍ផែនការយុទ្ធសាស្រ្តជាតិ​ស្តីពីពិការភាព (NDSP) និងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី (NAPVAW) ។ លើសពីនេះទៀត កម្មវិធី ACCESS បានផ្តល់នូវការគាំទ្រយ៉ាងសំខាន់ដល់ជនមានពិការភាព និងស្រ្តីដែលរងផលប៉ះពាល់ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលអាចឱ្យគាត់ទទួលបាននូវ គុណភាព និរន្តរភាព និងប្រសិទ្ធភាពសេវា៕